Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីថៃ ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ — លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីថៃលើកនេះ ត្រូវ​បានបញ្ជាក់ថា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងប្រារព្ធខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតថៃ-កម្ពុជា។

តាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកនេះ លោកជំទាវនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ នៅចុងបញ្ចប់ នៃជំនួប ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ មួយចំនួនផងដែរ។

បន្ទាប់ពីបញ្ចប់ជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា លោកជំទាវនឹងអញ្ជើញដាក់កម្រងផ្កាថ្វាយព្រះបរមរតនកោដ្ឋ បន្ទាប់មកនឹងមានជំនួបជាមួយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

នៅថ្ងៃបន្ទាប់ (២៤ មេសា) លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង មុន​នឹងធ្វើមាតុភូមិនិវត្តន៍៕

អត្ថបទពាក់ព័ន្ធ